ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី១ ខែមីនានេះថា ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ បានចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ ស្តីពីកសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ «ការអនុវត្តកសិកម្មបុនភាវកម្មឆ្ពោះទៅរកកសិកម្មកាបូនទាប» ដែលរៀបចំធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការសហការរៀបចំដោយ ក្រុមហ៊ុនអេមរុរ៉ាយស៍ សហព័ន្ធស្រូវអង្ករកម្ពុជា អង្គការ Grow Asia ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា និងបណ្ដាស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលជាច្រើន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានបង្ហាញពីការគាំទ្រ ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនអេមរូរាយស៍ និងដៃគូ ក៏ដូចជាតួអង្គពាក់ព័ន្ធ ក្នុងការលើកស្ទួយផលិតកម្មស្រូវសរីរាង្គនិងស្រូវ SRP។
ឯកឧត្តមបានណែនាំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសគឺការជំរុញផលិតកម្ម ទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប។ កម្មវិធីគោលនយោបាយអាទិភាពនេះ នឹងជួយដល់កសិករ ឲ្យទទួលបានបច្ចេកទេសកសិកម្មសមស្រប ការសម្របសម្រួលកសិផលមកទីផ្សារ ការទទួលបានធាតុចូលនិងថ្នាំកសិកម្មមានគុណភាពនិងមានតម្លៃធូរថ្លៃ ដែលអាចកាត់បន្ថយថ្លៃដើម និងការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព សំដៅធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព សេដ្ឋកិច្ច និងបរិស្ថាន។
ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ និងសំណូមពរដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធ ឲ្យប្រើប្រាស់ពូជសុទ្ធផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះនារដូវខាងមុខ ដើម្បីរក្សានូវតម្លៃស្រូវអង្ករក្នុងស្រុកផង និងដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ ហើយស្វាគមន៍ដល់តួអង្គពាក់ព័ន្ធក្នុងការចូលរួមកសាងប្រព័ន្ធពូជសុទ្ធ៕