គួរឱ្យសរសើរ ផេនខេក ដួលផ្កាប់មុខនៅលើឆាកប៉ុហ្នឹងហើយ នៅប្រឹងងើបឈរច្រៀងរាំបន្តរហូតដល់ចប់ 

នៅក្នុងការសម្តែងនារាត្រីគ្រងមកុដ Miss Grand Ratanakiri កាលពីយប់មិញនេះ តារាកំប្លែង ផេនខេក បានជួបនូវឧបទេវហេតុដោយចៃដន្យ ដួលនៅលើឆាកផ្កាប់មុខ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យសរសើរនោះ ផេនខេក នៅតែប្រឹងងើបឈរហើយបន្តការសម្តែងរបស់ខ្លួនជាមួយមិត្តរួមក្រុមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះ ។ 

តារាកំប្លែងភេទទី ៣ ផេនខេក បានប្រាប់ថា ពេលដែលកំពុងសម្តែងគឺស្បែកជើងកែងរបស់នាងបានបាក់កណ្តាលទី ទើបធ្វើឱ្យនាងដួលបែបនេះ ប៉ុន្តែរបួសជើងរបស់នាងមិនធ្ងន់ធ្ងរទេ ពេលនេះអាចពាក់ស្បែងជើងកែងចោទបានដូចដើម គ្រាន់តែជង្គង់នាងជាំបន្តិចបន្តួច មិនមានអ្វីគួរឱ្យព្រួយបារម្ភទេ ។ 

នេះមិនមែនជាលើកទី ១ នោះទេ ដែលតារាសម្តែង ផេកខេក ជួបឧបទេវហេតុដោយចៃដន្យ តាមមិត្តរួមក្រុមនៅក្នុងក្រុម MoMo បានបង្ហើបប្រាប់ថា ផេកខេក គាត់ឧស្សាហ៍ដួលណាស់ តែគាត់ជាមនុស្សតស៊ូ មិនថាមានឧបសគ្គអ្វី គាត់មិនដែលបោះបង់ការសម្តែងចោលកណ្តាលទីឡើយ គាត់បន្តរហូតដល់ចប់ លើកនេះក៏មិនខុសពីលើកមុនៗដែរ ។ 

ផេនខេក មិនបានស្រក់ទឹកភ្នែកនោះទេនៅពេលជួបរឿងបែបនេះ ផ្ទុយទៅវិញនាងបានប្រាប់ដោយភាពជឿជាក់ថា ដួលហើយយើងអាចងើបមកវិញបន្តការងារដូចដើម ប្រៀបដូចជីវិតនាងកន្លងមកអីចឹង ដួលហើយ ប្រឹងងើបមកវិញ គឺនឹងទទួលបានអ្វីដែលល្អៗជាច្រើនដែលកំពុងរងចាំយើង តស៊ូងើបឈរឡើង កុំបោះបង់ ការបរាជ័យប៉ុហ្នឹង មិនមែនជាបញ្ហាឡើយ ៕