អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា រយៈពេល ២ថ្ងៃនេះមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខា រួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖ ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។ ទី២ ម្ដុំបឹងកេងកង ដែលត្រួតពិនិត្យលើតូបលក់ត្រីសាម៉ុន និងគ្រឿងសមុទ្រ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ ជញ្ជីង និងបរិវេនលក់ជាដើម។
សកម្មភាពនៃការត្រួតពិនិត្យនេះផងដែរគឺមានការគាំទ្រពីក្រុមជំនាញនៃអង្គការរបស់ SPEC និង ISC ដែលជាក្រុមអ្នកជំនាញផ្នែកអនុវត្តវិធានអនាម័យលើប្រព័ន្ធ HACCP ផងដែរ។
ជាមួយគ្នានោះមន្រ្តីជំនាញបានធ្វើការដកហូតបាននូវបង្គារដែលមានចាក់នូវសារធាតុគីមីចំនួន ១២.៣៥គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទចំនួន ៦.៥គីឡូក្រាម យកកម្ទេចចោលជៀសវាងបង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ៕