រដ្ឋបាលជលផល៖ រូបថតពីលើអាកាសជាផ្នែកមួយតូចនៃបឹងទន្លេសាប និងប្រើឧបករណ៍នេសាទស្របច្បាប់

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក មានបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់របាំងសាច់អួននិងលបនៅក្នុងបឹងទន្លេសាប ករណីនេះរដ្ឋបាល ជលផលធ្វើការបំភ្លឺដូចខាងក្រោម៖

១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ
ដែលមានឈ្មោះថា “កន្លុកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។

២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះមានភាពធំទូលាយនិងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណី នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្ដល់លទ្ធភាពឱ្យពួកគាត់អាចរកតី បានគ្រប់គ្នា ដែលជាប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទំហំក្រឡានិងប្រវែងរបាំងសាច់
អួនតែងតែត្រូវបានត្រួតពិនិត្យជារឿយៗ។

៣. ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះគឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡានិងប្រវែង
របាំងសាច់អួនស្របតាមច្បាប់ស្តីពីជលផល។ រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធតែងតែធ្វើការត្រួតពិនិត្យទំហំក្រឡាន
របាំងសាច់អួននិងកាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថតអាចឃើញបង្គោលដែល នៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្តាច់យកចេញរួចហើយ។

៤. មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់និងរក្សា ភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់នោះអាចមានលទ្ធភាព អាស្រ័យផលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែល ច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់។

ជាលទ្ធផលគណៈកម្មការអន្តរ ក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អួននិង ស្បៃមុងប្រវែង១ ៦៥០ ៦១៧ម៉ែត្រ លបនិងលូ១៥ ២២៩គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់១ ៤៧៣គ្រឿង អួនអូស ទឹកសាប៥៣វង់ អួនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្នាក់រួមផ្សំភ្លើង១២៧គ្រឿង និងឈិបយន្ត២៣គ្រឿង។

ការបំភ្លឺនេះមានគោលដៅជម្រាបឱ្យសាធារណៈជនបានដឹងពីជីវភាពជាក់ស្ដែងនៅក្នុងតំបន់កន្លុកបាយក្អែក ជៀ វាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹងទន្លេសាបទាំងមូល និងសកម្មភាពដែលរដ្ឋបាលជលផលបាន និងកំពុងអនុវត្តច្បាប់ ស្តីពីជលផល៕