មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្តកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ការធ្វើតេស្តរកសារធាតុគ្រឿងញៀន គឺធ្វើឡើងតបតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
រដ្ឋបាលខេត្តព្រះសីហនុ និងស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ កុម្ភៈ ២០២៤ បានធ្វើការរៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរួមមាន៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ ។
លើបណ្តាញសង្គមតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង ៣៤៥រូប ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀនសូម្បីមន្ត្រីម្នាក់ ៕