នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០ ស្ថិតស្រុកវាលវែង ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអភិបាលខេត្តពោធិ៍សាត់, តំណាងក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុបចំនួន ៤៥ រូប នៅសាលាខេត្តពោធិ៍សាត់។
បន្ទាប់កិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូអន្តរក្រសួងក៏បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ត្រង់គីឡូម៉ែត្រទី១៥០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍នេះ សំដៅដោះស្រាយឱ្យបានឆាប់រហ័ស។
ក្នុងឱកាសដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យមើលទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ លោក ហួត ហាក់ បានស្នើដល់អភិបាលខេត្តពោធិ៍សាត់ និងតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួលតាមគ្រប់រូបភាព ដល់គណៈប្រតិភូក្រសួងអធិការកិច្ច ក្នុងការចុះពិនិត្យ និងអង្កេតស្រាវជ្រាវ ជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់ លោកស្រី ស៊ឹង សុខអាង ដើម្បីស្វែងរកការពិត និងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់៕