ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៦ ែខកុម្ភៈនេះថា ឯកឧត្តមបានធ្វេីតេស្ដរកសារធាតុញៀននៅចំពោះមុខគណៈកម្មការរួចហេីយលទ្ធផលអវិជ្ជមាន។ ទន្ទឹមនេះ ឯកឧត្តមប្ដេជ្ញាគាំទ្រ នូវបទបញ្ជាដ៏មុឺងម៉ាត់មុតស្រួចរបស់សម្ដេចធិបតី “សំអាតខ្លួនយេីងជាមុន” សូមប្ដេជ្ញាថាទេចំពោះគ្រឿងញៀន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាសារធារណៈពាក់ព័ន្ធការបោសសម្អាតគ្រឿងញៀន ក្នុងជួររាជរដ្ឋាភិបាលដោយចេញបទបញ្ជាថ្មីមួយទៀត ឱ្យបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលរកឃើញមានជាប់ព័ន្ធពាក់ព័ន្ធ នឹងសារធាតុញៀន ឬប្រើប្រាស់គ្រឿងញៀន។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច អំពីបទបញ្ជា ស្តីពី «ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។
ក្នុងបទបញ្ជាថ្មីនេះ រាជរដ្ឋាភិបាល មានភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាតរួមមាន គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធ នឹងគ្រឿងញៀនខុសច្បាប់។
គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕
អត្ថបទ៖ អក្ខរា