គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Khamchanh SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមកម្មវិធីគ្រោងទុក គណៈប្រតិភូរដ្ឋសភាឡាវ នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម លូ គឹម ឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងអញ្ជើញទៅទស្សនាព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងអញ្ជើញទៅទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរោងចក្រផលិតស្រាបៀរអង្គរ៕