គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្រោមអធិបតីភាពរបស់ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន គណបក្ស ប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ។ ឯកឧត្ដម បានបន្តទៀតថា ក្នុងរយៈពេល ១៤ ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលភូមិភាគនីមួយៗ បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត តាមមធ្យោបាយរៀងៗខ្លួន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។
គ.ជ.ប សន្និដ្ឋានបានថា ក្នុងរយៈពេល ១៤ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ចំណុះភូមិភាគ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្ត នៃភូមិភាគនីមួយៗ។
បើតាមឯកឧត្ដម សោម សូរីដា ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត ដូច្នេះគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនត្រឹមម៉ោង ១០យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្អាកផ្សព្វផ្សាយសកម្មភាពនយោបាយ ឬគោលនយោបាយរបស់គណបក្សនយោបាយណាមួយ ឬខ្លឹមសារផ្សេងទៀត ដែលមានចរិតជាការឃោសនារកការគាំទ្រពីអ្នកបោះឆ្នោត។ ជនណា ឬគណបក្សនយោបាយណា ឬប្រព័ន្ធផ្សព្វផ្សាយណាដែលបំពានលើការហាមឃាត់នេះ នឹងត្រូវទទួលពិន័យតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ៕
អត្ថបទ៖ អក្ខរា