ក្រសួងកសិកម្ម តាមដាននិងវិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃដើមផលិត ដើម្បីជួយកសិករឲ្យទទួលបានប្រាក់ចំណេញ

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមការងារជំនាញ បាននិងកំពុងតាមដាន ព្រមទាំងវិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃផលិតស្រូវ ដើម្បីត្រៀមជួយរក្សាលំនឹងថ្លៃស្រូវ ក្នុងកម្រិតសមរម្យ និងជួយកសិករឱ្យទទួលបានប្រាក់ចំណេញ។

ឯកឧត្តមបណ្ឌិតបន្តថា ជាមធ្យមនៅក្នុងសប្តាហ៍នេះ ស្រូវ OM៥៤៥១ លក់បានថ្លៃ៩៨០រៀលក្នុងមួយគីឡូក្រាម ដែល​តម្លៃនេះ ទាបជាងតម្លៃក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន១០រៀល ក្នុងមួយគីឡូក្រាម តែខ្ពស់ជាងតម្លៃខែកុម្ភៈ ឆ្នាំ២០២២ ចំនួន១៥៥រៀលក្នុងមួយគីឡូក្រាម។ ជាទូទៅថ្លៃដើមផលិតស្រូវ OM៥៤៥១ ត្រូវចំណាយចន្លោះពី៥០០ ទៅ ៧០០រៀលក្នុងមួយគីឡូក្រាម។

ករណីនេះ ឯកឧត្តមបញ្ជាក់ថា ក្រុមការងារជំនាញនឹងបន្តតាមដាន វិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃដើមផលិតស្រូវ ដើម្បីត្រៀមអន្តរាគមន៍សមស្របណាមួយក្នុងការរក្សាលំនឹងថ្លៃស្រូវក្នុងកម្រិតសមរម្យដែលការពារមិនឲ្យកសិករ​ខាតបង់ និងនៅអាចបន្តទទួលបានប្រាក់ចំណេញក្នុងកម្រិតសមរម្យ៕