តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿកថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ នឹង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន អំឡុងទៅសួរសុខទុក្ខ លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលជាបងធម៌របស់សម្តេច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សតឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន មកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងមិត្តភាពរវាងគណបក្សនយោបាយទាំងពីរ៕
អត្ថបទ៖ អក្ខរា