ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ មកពីក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ បិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅភូមិភាគ៥ មណ្ឌលក្រចេះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
យុទ្ធនាការនេះក៏មានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះឯកឧត្តម ពេជ្រ ប៊ុនធិន, ឯកឧត្តម អ៉ឹម ចាន់ថុល, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេរ្រក្រចេះ។
ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតដែលមានការដង្ហែរក្បួននៅក្នុងទីរួមខេត្តក្រចេះ ជាមួយជ័យឃោសកងរំពង និងការបញ្ជូនសារផ្សេងៗទាក់ទងនឹងគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍជាតិមាតុភូមិ។
ក្រោយពីសមាជិក សមាជិកានៃយុទ្ធនាការស្តាប់សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរបាយការណ៍នៃដំណើរការឃោសនាបោះឆ្នោតរយៈពេល១៣ ថ្ងៃកន្លងមកអានដោយឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សប្រឃាជនកម្ពុជាខេត្តក្រចេះ, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងមណ្ឌលខេត្តក្រចេះ។
ខេត្តក្រចេះជាខេត្តមួយស្ថិតក្នុងភូមិភាគទី៨ ដែលមាន ៦ ខេត្តរួមមានក្រចេះ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង សរុបមានអាសនៈព្រឹទ្ធសភាចំនួន៦។
ប្រធានក្រុមការងារ បានថ្លែងថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិនិងប្រជាជនកម្ពុជា បញ្ចប់សង្គ្រាមស៊ីវិលនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ។
ឯកឧត្តម បានថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល និងបានបង្ហាញពីភាពចាស់ទុំនបោយរបស់កម្ពុជាក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោត និងបានអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា មានលេខរៀងទី ១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា និងអនាគតកម្ពុជាប្រកបដោយភាពរីចម្រើនរុងរឿង។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ និងបិទបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបានប្រព្រឹត្តិទៅដោយរលូន ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕