ក្រុមហ៊ុនយក្សចិនប្តេជ្ញាចិត្តជំរុញឲ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាលនៅកម្ពុជាលេចរូបរាងឡើង

ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT) នៅកម្ពុជាលេចរូបរាងឡើង ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបនេះ ក្រុមហ៊ុនបានជម្រាបរដ្ឋមន្ត្រីក្រសួងសាធារណការអំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

ជាការឆ្លើយតបចំពោះការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើ លោក ប៉េង ពោធិ៍នា រំពឹងថា គម្រោងទាំងពីរនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ៕