កម្ពុជា និងឡាវ នឹងចុះ MOU ពួតដៃគ្នាសម្អាតសំណល់ប្លាស្ទិកនៅក្នុងទន្លេមេគង្គ

ឆាប់ៗខាងមុខនេះ កម្ពុជា និងឡាវនឹងមានចុះអនុស្សរណៈយោគយល់ MoU រួមគ្នាដើម្បីភាពស្អាត ជាពិសេសគឺការសម្អាតសំណល់ប្លាស្ទិកនៅក្នុងទន្លេមេគង្គ ដែលមានត្រីជាប្រភពប្រូតេអ៉ីន ដែលទ្រទ្រង់ជីវិតប្រជាជននៃប្រជាជាតិទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ បានជជែកពិភាក្សាជាមួយលោក អាឡិន បូមិន(Alan Bowman) អគ្គនាយកអាស៊ីអាគ្នេយ៍នៃកិច្ចការសកលប្រទេសកាណាដា ដោយបានគូសបញ្ជាក់ថា ជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់។

យោងតាមការប៉ាន់ប្រមាណលើចំនួននេះ ដែលប្រជាពលរដ្ឋម្នាក់អាចប្រើថង់ប្លាស្ទិកចន្លោះពី ២ទៅ៤ថង់ក្នុងមួយថ្ងៃ ហើយបើប្រជាពលរដ្ឋម្នាក់ឈប់ប្រើថង់ប្លាស្ទិក១ថ្ងៃ ដែលមានចំនួន៤ថង់នោះ ក្នុង១ថ្ងៃកម្ពុជាបានកាត់បន្ថយចំនួនថង់ប្លាស្ទិកជិត ២០លានថង់។

លោក អាឡិន បូមិន(Alan Bowman) បានកោតសរសើរចំពោះកម្ពុជាថា មានការអភិវឌ្ឍលឿនគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះ លោកក៏ចង់ស្វែងយល់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកលើគោក និងការកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងទឹកទន្លេ ហើយស្របជាមួយគ្នានេះ លោកអាឡិន បូមិន(Alan Bowman) ក៏ធ្លាប់បានរួមចំណែកក្នុងការសំអាតការបំពុលនៅក្នុងសមុទ្រផងដែរ៕

អត្ថបទ៖ អក្ខរា