លោក ព្រាប កុល ប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានឥទ្ធិពល និងជាទីគោរពនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយសារលោកមិនត្រឹមតែជាតួរអង្គដ៏សំខាន់បំផុតក្នុងការពន្លត់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងជាស្ថាបនិកនៃសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកតែងតែឈឺឆ្ងាល និងព្យាយាមចូលរួមស្វែងរកដំណោះស្រាយនៃវិបត្តិនយោបាយប្រទេសក្នុងតំបន់ និងអន្តរជាតិផងដែរ។
ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួននារសៀលថ្ងៃពុធនេះ លោក ព្រាប កុល លើកឡើងថា សម្តេចតេជោ មិនត្រឹមតែមានសមត្ថភាពពេញលេញ និងមានទេពកោសល្យពិសេសសក្តិសមជាមេដឹកនាំកំពូលនោះទេ លោកក៏ជាឥស្សរជនដែលមានគុណធម៌ដ៏ធំធេងផងដែរ។ ជាក់ស្តែង លោករាប់អានមិត្ត ឬបងប្អូនធម៌ មិនមែនតែនៅពេលមិត្ត ឬបងប្អូនធម៌នោះមានអំណាចនោះទេ ទោះក្នុងស្ថានភាពផ្សេងពីនោះក៏លោកនៅតែរក្សាចំណងមិត្តភាព និងមនោសញ្ចេតនាជាមិត្ត ជាបងជាប្អូនធម៌ និងជាគ្រួសារលោកដែរ។ នេះគឺជាគុណធម៌នៃមេដឹកនាំកំពូល និងជាគំរូសម្រាប់មនុស្សជាតិគ្រប់ជំនាន់។
ការចេញមកលើកឡើងយ៉ាងដូច្នេះរបស់លោក ព្រាប កុល អ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅប្រទេសថៃ។
លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីពង្រឺងចំណងមិត្តភាពសម្តេចបានអញ្ជើញ កូនស្រីពៅ ឯកឧត្តម ថាក់ស៊ីន គឺលោកស្រី អ៊ុងអុីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។
សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល ៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក៕