ក្រសួង-ស្ថាប័ន អង្គការ សមាគម គណបក្សនយោបាយ យុវជន និងមហាជនគ្រប់ស្រទាប់ បានគាំទ្រវិធានការម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានណែនាំគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
ប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា វិធានការលុបបំបាត់គ្រឿងញៀននេះ ត្រូវអនុវត្តដូចគ្នា ទាំងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស៊ីវិល ហើយបើរកឃើញបុគ្គលណា ប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្ដង ដោយមិនចាំបាច់លើកលែងឱ្យនោះទេ។
តាមរយៈញត្តិគាំទ្រ និងសារគាំទ្រជាបន្តបន្ទាប់ បានចាត់ទុកវិធានការនេះថា ជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយមុខមាត់ កិត្តិយស និងភាពស្អាតស្អំ របស់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវដើរតួនាទីជាគំរូដ៏ល្អក្នុងការបម្រើប្រជារាស្ត្រ និងចូលរួម អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ មហាជនថា ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែប៉ះពាល់ដល់បុគ្គល និង គ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប្រសិទ្ធភាពការងាររបស់ ក្រសួង ស្ថាប័ន ជាពិសេស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គម៕
អត្ថបទ៖ អក្ខរា