សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រអ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ។

តាមរយៈបណ្តាញសង្គម នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “បន្ទាប់ពីបានឃើញអ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ រួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់ អនាគតសមាគមមួយនេះ។ កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផងខ្ញុំគិតថា បញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។ ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេតែដោយសារយើងត្រូវការសិល្បៈ ដែលមានការសាមគ្គីភាពនិងរីកចម្រើនទៅមុខទើបខ្ញុំផ្តល់ការគាំទ្របែបនេះ”។

សូមបញ្ជាក់ថា អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រា បានប្រកាសថា ប្រសិនបើមានការគាំទ្រអ្នកឧកញ៉ាសូមចូលរួមឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ដើម្បីចូលរួមចំណែកតាមលទ្ធភាព និងសមត្ថភាព។

យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ ៥ឆ្នាំម្តង។ បន្ទាប់ពីខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីអាណត្តិមុនកន្លងទៅ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩, នៅឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរ​ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានបានប្រកាសថា សមាគមនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅពេលឆាប់ៗខាងមុខនេះ ដើម្បីរកអ្នកបន្តដឹកនាំសមាគម ទៅថ្ងៃអនាគត ស្របតាមលក្ខន្តិកៈដែលសមាគមមាន និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ក្នុងនោះសមាគមក៏បានបើកឱកាស ដល់សិល្បករ-សិល្បការិនីរៀមច្បង ដែលមានបំណងចង់ធ្វើប្រធានថ្មី ដើម្បីបានឈរឈ្មោះបោះឆ្នោត និងទទួលបានសំឡេងច្រើនលើសលប់ពីសមាជិករបស់ខ្លួនផងដែរ៕

អត្ថបទ៖ អក្ខរា