កុំប្រៀបធៀបគ្នាអី! ថាក់ស៊ីន ជាជននាំតែផលប្រយោជន៍ដល់ជាតិថៃ ឯ សម រង្ស៊ី នាំតែរឿងចង្រៃដល់ជាតិ និងប្រជាជនកម្ពុជា

កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារបានរយៈពេល៦ខែ ក្នុងទោសជាប់ពន្ធនាធនាគាររយៈពេល១ឆ្នាំ។ ពេលលោក ថាក់ស៊ីន ត្រូវបានលើកលែងទោសបែបនេះ ក៏មានមជ្ឈដ្ឋានមួយចំនួន បានទាញភ្ជាប់ករណីលោកទៅរឿងលោក សម រង្ស៊ី ដែលជាទណ្ឌិតក្បត់ជាតិកម្ពុជា។ តើពិតជាអាចប្រៀបធៀបគ្នា ឬទាញភ្ជាប់គ្នាបានមែនឬករណីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងទណ្ឌិត សម រង្ស៊ី នេះ?  

រឿងដែលអាចប្រៀបធៀបគ្នាបាន គឺមានតែមួយគត់ នោះ គឺការរត់និរទេសខ្លួនទៅបរទេស ដើម្បីគេចចេញពីការអនុវត្តទោសទណ្ឌដូចគ្នា។ ក្រៅពីនេះ គឺគ្មានរឿងណាដែលលោក សម រង្ស៊ី អាចប្រៀបធៀបខ្លួនទៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននោះឡើយ។ ហេតុអ្វីក៏មិនអាចយកលោក សម រង្ស៊ី ទៅប្រៀបធៀបជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន? ជាអ្នករត់និរទេសខ្លួនដូចគ្នាសោះ ហេតុអ្វីលោក ថាក់ស៊ីន មានចំណុចល្អៗដាច់ជាងទណ្ឌិត សម រង្ស៊ី? 

ទី១. គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនមែន និងមិនត្រូវបានចោទប្រកាន់ជា ជនក្បត់ជាតិថៃ ខណៈលោក សម រង្ស៊ី ជាទណ្ឌិតក្បត់ជាតិកម្ពុជា ដែលត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសដោយតុលាការកម្ពុជា។ ទី២. នៅពេលនិរទេសខ្លួននៅបរទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនដែលអំពាវនាវដល់ដល់អាមេរិក សហគមន៍អន្តរជាតិ ឬសហភាពអឺរ៉ុបឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបិទទីផ្សារកុំនាំចូលផលិតផលពីប្រទេសថៃម្តងណាឡើយ។ ចុះទណ្ឌិត សម រង្ស៊ី វិញ បានធ្វើដូចលោក ថាក់ស៊ីន សម្រាប់ជាតិ សម្រាប់ប្រជាជនកម្ពុជាដែរ ឬទេ? ចម្លើយនោះ គឺថា អត់ទេ។ អ្វីដែលលោក សម រង្ស៊ី បានធ្វើ គឺអំពាវនាវឱ្យប្រទេសប្រជាធិបតេយ្យធំៗលើលោក រាប់ទាំងអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមកប្រទេសកម្ពុជា ហើយស្នើសុំគេបិទទីផ្សារកុំនាំចូលផលិតផលពីប្រទេសកម្ពុជាថែមទៀត។ 

សំណួរសួរថា ធ្វើបែបនេះចំណេញដល់ជាតិ ដល់ប្រជាជនកម្ពុជាទេ? បើសិនជាចំណេញមែននោះ ម្លេះលោក ថាក់ស៊ីន ណាវ៉ាត្រា ធ្វើបែបនេះចំពោះប្រទេសថៃមុនលោក សម រង្ស៊ី ធ្វើដាក់ប្រទេសកម្ពុជាទៅទៀត ព្រោះខួរក្បាលលោក ថាក់ស៊ីន ពូកែគិតជាងលោក សម រង្ស៊ី ណាស់។ ប៉ុន្តែ សួរថា ហេតុអ្វីបានលោក ថាក់ស៊ីន មិនធ្វើ? នោះ គឺដោយសារតែវាអត់ចំណេញទាល់តែសោះដល់ប្រទេស និងប្រជាជនថៃ។ ផ្ទុយទៅវិញ លោក ថាក់ស៊ីន ត្បិតថា ត្រូវបានតុលាការថៃចោទប្រកាន់ និងចង់នាំយកមកដាក់ពន្ធនាគារនៅក្នុងប្រទេសថៃយ៉ាងណាក៏ដោយ ក៏លោកនៅតែអំពាវនាវដល់សហគមន៍អន្តរជាតិជួយទិញផលិតផលថៃដែរ។ 

រីឯ ទណ្ឌិត សម រង្ស៊ី វិញ មិនគិតដូច្នោះឡើយ ខួរក្បាលទណ្ឌិតរូបនេះ គិតពីផលប្រយោជន៍ខ្លួន និងបក្ខពួកប៉ុណ្ណោះ មិនខ្វល់ពីប្រទេសជាតិ មិនខ្វល់ពីប្រជាជន ដល់ពេលមានបញ្ហា គឺទម្លាក់បញ្ហាទាំងប៉ុន្មានមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីតែម្តង។ និយាយឱ្យចំ លោក សម រង្ស៊ី នេះណា គឺចង់បានតែអំណាច ហើយរិះរកគ្រប់មធ្យោបាយទាំងអស់ ឱ្យតែដណ្តើមអំណាចបាន ទោះត្រូវប្រឆាំងនឹងផលប្រយោជន៍ប្រជាជន និងត្រូវធ្វើទង្វើក្បត់ជាតិយ៉ាងណាក៏ដោយ ក៏ទណ្ឌិត សម រង្ស៊ី មិនញញើតនឹងធ្វើដែរ។

ពេលនៅធ្វើនយោបាយនៅក្នុងប្រទេស លោក សម រង្ស៊ី គ្មានចេះអ្វីក្រៅពីនិយាយញុះញង់ លាបពណ៌លើសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគណបក្សប្រជាជន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាឡើយ។ ទណ្ឌិតរត់ចោលស្រុករូបនេះ ចេះត្រឹមញុះញង់ឱ្យប្រជាពលរដ្ឋ និងកម្មករ ក្រោកឈរធ្វើបាតុកម្មប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយខ្លួន និងបក្ខពួក ក៏រត់ទៅសោយសុខនៅប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតធ្វើព្រងើយ។ ចំណែក ពេលនៅក្រៅប្រទេសវិញ ជនក្បត់ជាតិរូបនេះ ហ៊ានទាំងអំពាវនាវដល់កងទ័ពឱ្យងើបឈរបែរចុងកាណុងកាំភ្លើងមកកាន់រាជរដ្ឋាភិបាល ហើយថ្លើមធំហ៊ាននិយាយបរិហារប្រមាថកាតទានព្រះមមហាក្សត្រដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ថែមទៀតផង។ 

អាចជាកម្មពារតបស្នងចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តមកលើប្រទេស និងប្រជាជនកម្ពុជា ទណ្ឌិត សម រង្ស៊ី មិនអាចចូលមកប្រទេសកម្ពុជាវិញបានឡើយ ដោយសារទង្វើក្បត់ជាតិដែលមិនអាចអត់អោនឱ្យបានរបស់ខ្លួន។ លើសពីនេះទៅទៀត ទណ្ឌិតរូបនេះ ត្រូវបានក្រុមកូនចៅជាច្រើនបានរត់ចោល បោះបង់ចោល ព្រោះតែទង្វើអគុណធម៌ និងបក្ខពួកនិយម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលធ្លាប់គាំទ្រ ធ្លាប់ដើរតាម និងសហគមន៍អន្តរជាតិដែលតែងតែជឿលើទណ្ឌិត សម រង្ស៊ី គឺនៅពេលនេះ ពួកគេអស់ជំនឿ និងអស់ទំនុកចិត្តតទៅទៀតហើយ ព្រោះតែការបោកប្រាស់ជាបន្តបន្ទាប់របស់ទណ្ឌិត សម រង្ស៊ី ៕

ដោយ៖ ជម្ពូនុទ