រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង៣. ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ នេះបើតាមសេក្តីជូនដំណឹងរបស់រដ្ឋសភា។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅសម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងជាប្អូនប្រុសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងត្រូវតម្លើងឋានៈបន្ថែម២កំរិតទៀតជាឧបនាយករដ្ឋមន្ត្រី។
ដោយឡែក ឯកឧត្តម ស៊្រី ថាមរុង្គ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកការទូតចាស់វស្សាមួយរូបរបស់កម្ពុជា លើកិច្ចការទំនាក់ទំនងអន្តរជាតិ និងការបរទេស។ ឯកឧត្តម បានចូលបម្រើការនៅក្រសួងការបរទេសកម្ពុជា តាំងពីឆ្នាំ១៩៨០ និងធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជានៅឥណ្ឌា រយៈពេល ៧ឆ្នាំ និងនៅឥណ្ឌូនេស៊ី រយៈពេល ៥ឆ្នាំ។ នៅឆ្នាំ១៩៩៩ ឯកឧត្តមគឺជាអតីតជំនួយការផ្ទាល់ និងបន្ទាប់មកជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មុនពេលឯកឧត្តម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅឆ្នាំ២០០៩។
ចំណែក ឯកឧត្តម ប៉ែន វិបុល អតីតអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមជាស្វាមីរបស់លោកស្រី ហេង សំអូន កូនស្រីទីពីររបស់សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា និងបច្ចុប្បន្នជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
តាមរយៈការតម្លើងឋានៈសមាសភាពរាជរដ្ឋាភិបាល ៣នាក់បន្ថែមទៀតទៅក្នុងស្ថាប័ននីតិប្រតិបត្តិនេះ ធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧ បានកើនចំនួនឧបនាយករដ្ឋមន្ត្រីដល់១១រូប ទេសរដ្ឋមន្ត្រីជាង២០រូប រដ្ឋមន្ត្រី៣០រូប រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការជាង ១ពាន់នាក់។ នេះមិនទាន់គិតពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងទីប្រឹក្សាអមក្រសួងទាំង៣០ស្ថាប័នផង៕
អត្ថបទ៖ អក្ខរា