គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ២ភាគរយហើយ ខណៈដែលពិធីបើកការដ្ឋានស្ថាបនាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឺង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង ២គន្លងថ្មើរជើង។ ស្ពានដ៏សំខាន់ ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលនេះ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក។
ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម នឹងត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
ពេលសាងសង់រួចស្ពាននេះនឹងជួយ៖ កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ។ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។ គួរបញ្ជាក់ថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕