តារាកំប្លែងនាយ គ្រឿន បានចេញវិដេអូ ទី ២ បញ្ជាក់ពីការអរគុណមហាជនដែលបានលើកលែងទោសចំពោះកំហុសឆ្គងដោយអចេតនា ។ ជាមួយគ្នានេះផងដែរដើម្បីឱ្យស្រឡះចិត្តស្រឡះកាយ និងកុំឱ្យស្ពឹកមុខ ស្ពឹកមាត់ តទៅទៀត នាយ គ្រឿន នឹងឡើងទៅខេត្ត ស្វាយរៀង ជាថ្មីម្តងទៀតឱ្យម្តាយរបស់ខ្លួនស្រោចទឹកលើករាសី ។
តាមរយៈវិដេអូទី២ នេះ នាយ គ្រឿន បានរៀបរាប់ពីការអរគុណដែលមហាជន ដែលបានលើកលែងទោសចំពោះកំហុសឆ្គងដោយអចេនា បើទោះបីជាមានអ្នកខ្លះនៅតែ ខមមិនពាក្យពេចន៍មិនសមរម្យ ដៀមដាម ដល់ខ្លួនយ៉ាងណា ក៏លោកមិនប្រកាន់ខឹងចំពោះពួកគាត់ឡើយ ផ្ទុយទៅវិញ នាយគ្រឿន នៅតែនិយាយពាក្យដដែលថា « សូមទោស » ។
ជាមួយនិងការបេ្តជ្ញាចិត្ត ឈប់ទទួលថតផ្សាយល្បែងតាមអនឡាញ ក៏ដូចជាថតផ្សាយស្រាបៀរនេះ នាយ គ្រឿន កាន់តែទទួលបានការស្រឡាញ់ពេញចិត្តពីមហាជន សូម្បីតែសិល្បករ និងអ្នកល្បីឈ្មោះជាច្រើន ក៏បានស៊ែរ និងលើកទឹកចិត្តនាយ គ្រឿន ផងដែរ ដែលហ៊ានលះបង់ចោលប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ដោយមិនស្តាយស្រណោះ ។
បន្ទាប់ពីស្ពឹកមុខអស់ជាច្រើនថ្ងៃ នាយ គ្រឿន នឹងឡើងទៅជួបម្តាយរបស់ខ្លួននៅខេត្ត ស្វាយរៀង ដើម្បីឱ្យអ្នកមានគុណ ស្រោចទឹកលើករាសី ឱ្យស្រឡះមុខ ស្រឡះមាត់ជាងនេះ ។
នាយ គ្រឿន មានជំនឿថា រាសីរបស់ខ្លួននឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានទៅជួបមុខម្តាយឱ្យស្រោចទឹកលើរាសី ៕