សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីងថា រយៈពេល ២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាការពិត, សមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល, និងតទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ, ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ចការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ ។
បេីតាមសម្តេចធិបតី កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើកត្តាសំខាន់បួន គឺ ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និង ទី៤. ត្រូវមាន ការលះបង់ ។ លើមូលដ្ឋាននេះ។ សម្តេចបានបន្តថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃ ការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់ នូវអភិក្រមទាំង ៥ ប្រការ របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងាររបស់ខ្លួន ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និង ម៉ឺងម៉ាត់ ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ពោលគឺ ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ ។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅ ព្រឹកថ្ងៃពុធ ទី១៤ កុម្ភៈ ២០២៤។
ជាមួយគ្នាផងដែរ សម្តេចធិបតី បានជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និង គណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទៈ កែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤» ព្រមទាំងអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និង ពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និង ការវាយតម្លៃ ជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និង ការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យ បាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ៕
អត្ថបទ៖ អក្ខរា