សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំគ្រប់ក្រសួង-ស្ថាប័នទាំងអស់នៅគ្រប់កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជវភាពនៃប្រព័ន្ធ តួអង្គតែមួយ», ទាំងនៅក្នុងដំណាក់កាលរៀបចំ និងដំណាក់កាលអនុវត្តនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងកម្មវិធីនានា, ជាពិសេស ចំពោះការងារដែលមានចរិតអន្តរវិស័យ, មានភាពប្រទាក់ក្រឡាគ្នា, និងត្រូវការ កិច្ចសហការរវាងតួអង្គច្រើន, ចៀសវាងធ្វើការងារដាច់ដោយដុំៗ ដែលជាហេតុអាចនាំទៅដល់ការបាត់បង់នូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ក៏ដូចជាបង្កនូវភាពមិនច្បាស់លាស់ក្នុងការទទួលខុសត្រូវ ។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅ ព្រឹកថ្ងៃពុធ ទី១៤ កុម្ភៈ ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ន, យើងមានយន្តការប្រទាក់ក្រឡាអន្តរកែទម្រង់មួយ ដើម្បីសម្របសម្រួលរវាងកម្មវិធីកែទម្រង់គន្លឹះ ចំនួន៤ គឺ ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់តាមបែប វិមជ្ឈការ និង វិសហមជ្ឈការ, និង កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ ។
ក្នុងស្មារតីធានាជំរុញបង្កើនប្រសិទ្ធភាពការងារ, សម្តេចធិបតី ជំរុញឲ្យបន្តពង្រឹង និងក្នុងករណីចាំបាច់, ពិនិត្យកែសម្រួលយន្តការនេះផងដែរ ដើម្បីឱ្យយន្តការនេះ ក្លាយទៅជាគំរូមួយ ក្នុងការអនុវត្ត «អភិក្រមរដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕
អត្ថបទ៖ អក្ខរា