លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរៀបចំមន្រ្តីនគរបាលស្ថិតក្រោមក្របខណ្ឌក្រសួងមហាផ្ទៃ ដោយលោកចាត់ចេញនូវការរឹតបន្តឹងការស្នើសុំមន្រ្តីនគរបាលជាតិ យកទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងការងារផ្ទាល់ខ្លួន សម្រាប់ថ្នាក់ដឹកនាំ។
លិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ប្រាប់ទៅកាន់អគ្គសង្នការនគរបាលជាតិ គ្រប់នាយករដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួន បានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឲ្យមកបម្រើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយការងារផ្ទាល់ខ្លួន ជាអង្គរក្ស អ្នកបើកបរ ជំនួយការ នៅក្នុងឬក្រៅក្រសួងមហាផ្ទៃ ដែលធ្វើឲ្យអង្គភាពសាមីជួបភាពលំបាកក្នុងការគ្រប់គ្រងមន្ត្រីរបស់ខ្លួន។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ទាក់ទងនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ ជម្រាបជូនលោក លោកស្រី ដូចខាងក្រោម៖
ទី១៖ រាល់ការយកមន្ត្រីនគរបាលពីអង្គភាពណាមួយ ទៅបម្រើការងារឲ្យអង្គភាពណាមួយផ្សេងទៀត ឬមកជួយការងារឲ្យថ្នាក់ដឹកនាំណាម្នាក់ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ ត្រូវមានការឯកភាពពី
ប្រធានអង្គភាពសាមីជាមុន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទី២៖ ការស្នើសុំយកមន្ត្រីនគរបាលដូចមានចែងក្នុងចំណុច១ខាងលើ ត្រូវបានអនុញ្ញាតយ៉ាងច្រើន ក្នុងរយៈពេល១ឆ្នាំ ហើយត្រូវស្នើសុំជាថ្មីក្នុងករណីចាំបាច់ លើកលែងតែឥស្សរជនជាន់ខ្ពស់។
ទី៣៖ សាមីអង្គភាព ឬថ្នាក់ដឹកនាំដែលស្នើសុំយកមន្ត្រីនគរបាលមកបម្រើការងារ ត្រូវគ្រប់គ្រងមន្ត្រីនគរបាលនោះឲ្យបានល្អ។
ទី៤៖ ហាមជាដាច់ខាតការបញ្ជួន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល។
ទី៥៖ អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាក់ទងនឹងការស្នើសុំយកមន្ត្រីទៅបម្រើការងារដូចបានបញ្ជាក់ជូនខាងលើ៕