ក្នុងរយៈពេលមួយសប្ដាហ៍ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១៣៣ករណីទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា កម្លាំងនគរបាលជាតិមិនដកដៃពីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឡើយ។ ក្នុងរយៈពេលមួយសប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៣៣ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។
សូមបញ្ជាក់ថា ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦, រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទនៅគ្រប់ភូមិ-ឃុំ-សង្កាត់៕
អត្ថបទ៖ អក្ខរា