ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៥ រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, និងអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។
អង្គប្រជុំបានពិភាក្សាពីការកំណត់ពេលវេលា ដើម្បីប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ សម្រាប់ក្រសួងស្ថាប័នខាងលី ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានលើកឡើងថា ការរៀបចំឱ្យមានការប្រឡងជាយន្តការរួម ដោយមានកិច្ចសហការជាមួយក្រសួងជំនាញ គឺដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ពិសេស ធានាឱ្យបាននូវគុណាធិបតេយ្យ ពោលគឺ “អ្នកចេះគឺជាប់” ។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានយកយន្តការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ជាវិធានការគន្លឹះមួយ ក្នុងគោលដៅកែទម្រង់រដ្ឋបាលសាធារណៈ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ មានឆន្ទៈខ្ពស់ក្នុងការផ្តល់ឱកាសស្មើៗគ្នា ក្នុងការប្រឡងប្រជែងជាមន្ត្រីរាជការស៊ីវិល ជាបន្តបន្ទាប់៕
អត្ថបទ៖ អក្ខរា