អ្នក​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​លោក យ៉ង់ សាំងកុមារ ទុកពេលត្រឹមថ្ងៃទី១២ សង​ប្រាក់​ដល់​ពួកគេ​វិញ

អ្នក​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ បាន​ធ្វើ​យុទ្ធនាការ​ចេញ​ទាមទារ​​សង​ប្រាក់​ត្រឡប់​ឱ្យ​ពួកគេ​វិញ ដោយ​ថា ពួកគេ​ត្រូវ​ការ​ប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។

អ្នក​ដាក់​ប្រាក់​វិនិយោគ លើ​គម្រោង​មួយចំនួន​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្មរូបនេះកាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ បាន​នាំ​គ្នា​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្រដៀង​គ្នា ទាមទារ​ឱ្យ​ដោះស្រាយ និង​សង​ប្រាក់​ទៅ​ពួកគេ​វិញ។

អ្នក​ដាក់​ប្រាក់​វិនិយោគ​ឈ្មោះ ម៉េង ហ្វាឈីវ (Meng Fa Chiv) បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ដោយ​ភ្ជាប់​ជាមួយ​នឹង​តារាង​បង់ប្រាក់​វិនិយោគ ក្នុង​គម្រោង «សហគមន៍​សម្បូរ​ទុរេន​អាស្រ័យ​ផល​មនោ​សុខ និង​«​គម្រោង​សហគមន៍​សម្បូរ​បន្លែ និង​ទុរេន​អូ​សោម រួម​ទាំង​គម្រោង​សហគមន៍​សម្បូរ​នាគ ៨២ » អម​ជាមួយ​រូបថត លោក យ៉ង់ សាំងកុមារ និង​គ្រួសារ​កាលពី​ថ្ងៃទី៨ កុម្ភៈ។

នៅក្នុង​តារាង​គម្រោង​នីមួយៗ​ដែល​មាន​ឈ្មោះ លោក យ៉ង់ សាំងកុមារ និង​ប្រពន្ធ​របស់​លោក គឺ​លោកស្រី នូ សុជាតិ ចុះ​ហត្ថលេខា ត្រូវបានបង្ហាញជាច្រើននៅលើបណ្តាញសង្គម។

​ហ្វេសប៊ុក​ឈ្មោះ គៀន ចាន់រ៉េត បាន​សរសេរ កាល​ពី​ថ្ងៃទី៨ កុម្ភៈ ថា លោក​ទុក​ពេល​រហូត​ដល់​ល្ងាច​ថ្ងៃទី១២ កុម្ភៈ នេះ បើ​ប្រធាន​គម្រោង​ដែល​ដឹកនាំ​ដោយ​លោក យ៉ង់ សាំងកុមារ មិន​ដោះស្រាយ​ឱ្យ​លោក គឺ​លោក​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ឡាយ​ហ្វេសប៊ុក​បង្ហាញ។

លោក​ថា លោក​បាន​យោគយល់ អត់ធ្មត់​ជាង បី​ឆ្នាំ​ហើយ ហើយ​ថា ពេល​លោក​ឆោឡោ​ទូទាត់​ប្រាក់ ពេល​លោក​ស្ងប់ស្ងាត់ គឺ​លោក​ធ្វើ​ភ្លេច ហើយ​រក​ល្បិច​កល​កែប្រែ​គោលការណ៍​ទូទាត់​ប្រាក់​រហូត បំពាន​កិច្ចសន្យា​ម្ដង​ហើយ​ម្ដង​ទៀត។

ហ្វេសប៊ុក​ឈ្មោះ គៀន ចាន់រ៉េត៖ «ខ្ញុំ​ទុក​ពេល​រហូតដល់​ល្ងាច​ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បើ​ប្រធាន​គម្រោង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត មិន​ដោះស្រាយ​ឱ្យ​ខ្ញុំ។ ខ្ញុំ​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ឡាយ​ហ្វេសបុក​បង្ហាញ​ពី​ល្បិចកល​ទាំងឡាយ​របស់​លោក​ឯកឧត្ដម​បណ្ឌិត ។ ខ្ញុំ​យោគយល់​អស់ហើយ អត់ធ្មត់ ៣​ឆ្នាំ​ជាង​ហើយ។ ពេល​ខ្ញុំ​ឆោឡោ ទូទាត់​ប្រាក់ ពេល​ខ្ញុំ​ស្ងប់ស្ងាត់ គឺ​លោក​ធ្វើ​ភ្លេច ហើយ​រក​ល្បិចកល​កែប្រែ​គោលការណ៍​ទូទាត់​ប្រាក់​រហូត បំពាន​កិច្ចសន្យា ម្ដង​ហើយ​ម្ដង​ទៀត។ បើ​ចិត្ត​ខ្ញុំ​ដាក់ចុះ​ហើយ (លែង​ចង់​បាន​លុយ​វិញ) គឺ​លោក​បណ្ឌិត​កុំ​សង្ឃឹម​អង្គុយ​ដំណែង​ឯកឧត្ដម​ជាប់»។