លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាអង្គភាព ស្ថាប័នទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមគ្រប់បណ្ដាអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបន្ដពង្រឹងស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវឲ្យបានខ្ពស់បំផុត ហើយកែប្រែនូវរាល់អ្វីដែលជាចំណុចខ្វះខាត។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក នេត សាវឿន បានមានប្រសាសន៍ថា រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ ត្រូវតែធ្វើការកែប្រែបន្ទាន់ ហើយឈានទៅលុបបំបាត់ចោលទាំងស្រុង ដើម្បីស្របតាមឆន្ទៈរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។
លោកថ្លែងថា «ត្រូវបន្ដធានានិរន្តរ៍ភាពបញ្ហាសន្ដិសុខចាប់ពីម៉ោងនេះទៅ មិនមែនធ្វើផែនការហើយបានធានានោះទេ អញ្ចឹងសុំឲ្យប្រធានស្ថាប័ន ប្រធានអង្គភាព ដែលមានកម្លាំងក្នុងព្រលានយន្ដហោះសូមជួយចុះទៅពិនិត្យ ហើយជួយធ្វើផែនការគិតគូរពីកម្លាំង និងសម្ភារៈ។ នេះជាការទទួលខុសត្រូវរបស់គណៈកម្មាធិការយើង ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជារឿងធំបំផុត»។
ក្នុងន័យនេះ លោក នេត សាវឿន បានណែនាំដល់គ្រប់បណ្ដាប្រធានអង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពឡើងវិញ ពោលធ្វើយ៉ាងណាដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ឲ្យខាងតែបាន ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា៕