អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានរចុះផ្សាយព័ត៌មានកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា “អ្នកឃ្ល មើលថា ក្រសួងសង្គមកិច្ចពុំបានគាំពារក្រុមជនងាយរងគ្រោះ ដោយសារអំពើពុករលួយ” ដែលមានខ្លឹមសារទាក់ទងនឹងការចកបណ្ណ សមធម៌ដោយប្រកាន់បក្សពួក ការចែកអំណោយសង្គ្រោះបន្ទាន់មិនមានតម្លាភាព និង ការរំលោភសិទ្ធិមនុស្សលើជនជាប់ឃុំនៅ មណ្ឌលព្រៃស្ពឺ ដែលការផ្សាយព័ត៌មានបែបនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈមួលបង្កាច់ និង គ្មានវិជ្ជាជីវៈ មានចេតនា ទុច្ចរិត វាយប្រហារមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងរាជរដ្ឋាភិបាលតែងតែ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង ងាយរងគ្រោះ និង ជួយសម្រាលការលំបាករបស់ ប្រជាពលរដ្ឋ ដោយមិនបោះបង់នណាម្នាក់ចោលឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បកស្រាយបំភ្លឺជូនសាធារណជនថា៖ ១. ការផ្តល់បណ្ណសមធម៌ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទេ។ ក្រសួងផែនការ ផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រគឺមិនមានអំពើពុករលួយ ឬ ប្រកាន់បក្សពួកនោះឡើយ ពោលគឺ ក្រសួងផែនការបានអនុវត្តទៅតាម គោលការណ៍ និងនីតិវិធីច្បាស់លាស់។ នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ត្រូវបានអនុវត្តដោយឃុំ-សង្កាត់ ដោយមិនប្រកាន់ ពូជសាសន៍ ឬ និន្នាការនយោបាយ ។ បច្ចុប្បន្ននេះ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តម្រូវឱ្យគ្រួសារ ដែលមានការលំបាកផ្នែកជីវភាព ដាក់ពាក្យស្នើសុំសម្ភាសន៍ដើម្បីអាចទទួលបានបណ្ណសមធម៌ទៅក្រុមការងារឃុំ-សង្កាត់ ឬអាចដាក់ ពាក្យស្នើសុំសម្ភាសន៍តាមកម្មវិធីសាធារណៈ Public IDPoor App ។ តំណាងសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ក៏អាចសម្របសម្រួលជួយគ្រួសារដែលមានការលំបាកផ្នែកជីវភាពបំពេញពាក្យស្នើសុំសម្ភាសន៍ផងដែរ។ លទ្ធផលនៃការ សម្ភាសន៍នឹងបញ្ចូនទិន្នន័យទៅកាន់មូលដ្ឋានទិន្នន័យគ្រួសារក្រីក្ររបស់ក្រសួងផែនការ ដើម្បីដំណើរការបោះពុម្ពបណ្ណចែកជូនដល់ គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ហើយបញ្ចូនទិន្នន័យនេះមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បី កំណត់មុខសញ្ញា បើកផ្ដល់ឧបត្ថម្ភសាច់ប្រាក់ជំនួយស័ង្គមជូន ដោយមិនប្រកាន់បក្សពួក ឬរើសអើងនយោបាយ ដូចការចោទប្រកាន់ ផ្សាយបំផ្លើសរបស់វិទ្យុអាស៊ីសេរីឡើយ។
២.មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) មានតួនាទីយ៉ាងសំខាន់ក្នុងការថែទាំ ផ្ដល់ការស្នាក់នៅបណ្តោះ អាសន្នដល់ជនអនាថា ហើយធ្វើសមាហរណកម្មទៅគ្រួសារ និងសហគមន៍វិញ។ ការគ្រប់គ្រងនៅមណ្ឌលព្រៃស្ពឺនេះ គឺអនុវត្តទៅ តាមគោលការណ៍ និងនីតិវិធី ដោយឈរលើគោលការណ៍នៃការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ការទាមទាររបស់វិទ្យុអាស៊ីសេរី ឱ្យបិទមណ្ឌលនេះ គឺជារឿងអសីលធម៌ ក្រសួងមិនអាចបិទមណ្ឌលនេះបានទេ ផ្ទុយទៅវិញមណ្ឌលនេះនឹងក្លាយទៅជាមណ្ឌល ប្រចាំភូមិភាគនាពេលខាងមុខ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយមិនទុកពលរដ្ឋណាម្នាក់ ដែលរងគ្រោះដោយមិនបានដោះស្រាយនោះឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាត់ទុកការលើកឡើងរបស់អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី គឺគ្មានមូលដ្ឋានច្បាស់លាល់ មិនយល់ពីនីតិវិធីនៃការផ្ដល់ បណ្ណសមធម៌ មិនបានសាកសួរមកអ្នកនាំពាក្យក្រសួង់ជំនាញ ដកស្រង់សំដីបុគ្គលម្នាក់ ពីរនាក់ ហើយធ្វើទូទៅនីយកម្ម សន្និដ្ឋាន បែបមានចរិកញុះញង់ បំភ្លៃការពិត បញ្ឆេះកំហឹងនយោបាយ ផ្ទុយស្រឡះពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជួយបងប្អូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងសង្គម។ អ្នកនាំពាក្យក្រសួងសង្គមកិច្ចបន្តថា “វិទ្យុអាស៊ីសេរី គួរអប់រំ ណែនាំពង្រឹងវិជ្ជាជីវៈដល់បុគ្គលិករបស់ខ្លួនបន្ថែមទៀត”៕
អត្ថបទ៖ អក្ខរា