ឥណ្ឌា កោតសរសើរចំណាត់ការរបស់ក្រសួងមហាផ្ទៃ

លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា​ បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជា បន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយ​សម្ភារៈផ្សេងៗដល់មន្ត្រីនគរបាលជាតិ​កម្ពុជា។

ការបញ្ជាក់នេះបានធ្វេីឡេីងក្នុងជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ជាមួយលោកជំទាវ​ ព្រមទាំងសហការី​ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗ​នៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។

លោកជំទាវបណ្ឌិត ក៏បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងកោតសរសើរចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន​សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕