ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់ប្រតិភូតំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំការពាររបាយការណ៍ថ្នាក់ជាតិស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំបានពិភាក្សា លើការងារសំខាន់ចំនួន២៖ ១. ការរៀបចំរបាយការណ៌ និងប្រមូលព័ត៌មាន សម្រាប់ប្រតិភូក្រសួងយុត្តិធម៌ ឆ្លើយតបបកស្រាយ និងបំភ្លឺទៅកាន់គណៈកម្មការអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របស់អង្គការសហប្រជាជាតិ ២. ការរៀបចំក្រុមការងារក្រសួងយុត្តិធម៌ ដើម្បីប្រចាំការគាំទ្រពីភ្នំពេញទៅ ដល់ប្រតិភូក្រសួងយុត្តិធម៌ ក្នុងពេលកំពុងការពាររបាយការណ៍ នៅចំពោះមុខគណៈកម្មការអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សូមបញ្ជាក់ថា អនុសញ្ញាអន្តរជាតិ ស្ដីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦ ហើយចូលជាធរមានតាមច្បាប់អន្តរជាតិកាលពីថ្ងៃ
២៣ ធ្នូ ២០១០ បន្ទាប់ពីការផ្តល់សច្ចាប័នចំនួន២០រដ្ឋ។ អនុសញ្ញានេះ គឺជាលទ្ធផលនៃដំណើរការចរចារយៈពេល៣ឆ្នាំ ដែលមានការចូលរួមពី រដ្ឋជាង៧០ អង្គការក្រៅរដ្ឋាភិបាលជាច្រើន សមាគមគ្រួសារដែលមាន សមាជិកបាត់ខ្លួនដោយបង្ខំ និងអ្នកជំនាញការជាច្រើនទៀត។ អនុសញ្ញានេះ តំណាងឲ្យការរីកចំរើនគួរឲ្យកត់សំគាល់នៅក្នុងច្បាប់អន្តរជាតិ ពិសេស ក្នុងការផ្តល់អត្ថន័យដល់សិទ្ធិមិនត្រូវទទួលរងនូវការបាត់ខ្លួន ដោយបង្ខំ ថាជាសិទ្ធិដែលមិនអាចព្យួរបាន។ នេះមានន័យថា ការបាត់ខ្លួនដោយបង្ខំ ត្រូវបានហាមឃាត់ដាច់ខាត ហើយសិទ្ធិនេះមិនត្រូវបានដាក់កំហិត ឬព្យូរឡើយ ទោះបីជាកាលៈទេសៈប្រទេសមានសង្គ្រាម ឬ មានភាពអាសន្នក៏ដោយ។
ការបាត់ខ្លួនដោយបង្ខំ សំដៅដល់ការចាប់ខ្លួន ការឃុំខ្លួន ការចាប់ពង្រត់ ឬទម្រង់ផ្សេងទៀតនៃការដកហូតសិទ្ធិធ្វើឡើងដោយភ្នាក់ងារ រដ្ឋ ឬបុគ្គល ឬក្រុមបុគ្គលដែលមានការអនុញ្ញាតិ្ត ការគាំទ្រ ឬការយល់ព្រមពីរដ្ឋ លុះក្រោយមក បានបដិសេធមិនទទួលស្គាល់ពីការដកហូតសេរីភាព ឬដោយមានការលាក់កំបាំងពីជោគវាសនា ឬទីកន្លែងជនបាត់ខ្លួន ដោយដាក់ជននោះឲ្យស្ថិតនៅក្រៅការការពារពីច្បាប់។
រដ្ឋភាគីនៃអនុសញ្ញានេះ ត្រូវចាត់វិធានការសមស្រប ដើម្បីធ្វើការស៊ើបអង្កេតពីអំពើល្មើសនេះ ហើយត្រូវនាំខ្លួនជនដែលប្រព្រឹត្តអំពើ ល្មើសនេះទៅផ្តន្ទាទោសនៅចំពោះមុខច្បាប់។ រដ្ឋភាគីទាំងអស់ ត្រូវដាក់របាយការណ៍ជា ទៀងទាត់របស់ខ្លួនជូនគណៈកម្មាធិការស្ដីពីការបាត់ខ្លួនដោយបង្ខំ ដែលគណៈកម្មាធិការនេះត្រូវបានបង្កើតឡើង គឺជាស្ថាប័នរបស់អ្នកជំនាញការឯករាជ្យ សំរាប់តាមឃ្លាំមើលការអនុវត្ត អនុសញ្ញានេះដោយរដ្ឋភាគី។
ទន្ទឹមនឹងនោះ រដ្ឋភាគីត្រូវដាក់ជូនរបាយការណ៍បឋមរបស់ខ្លួនទៅគណៈកម្មាធិការ ២ឆ្នាំបន្ទាប់ពីបានផ្តល់សច្ចាប័ន។ គណៈកម្មាធិការ នឹងពិនិត្យរបាយការណ៍នីមួយៗរបស់រដ្ឋភាគី និងផ្ដល់ជាសំណើ ឬអនុ សាសន៍ទូទៅលើរបាយការណ៍នោះ តាមតែខ្លួនយល់ថា សមស្រប ហើយបញ្ចូនទៅរដ្ឋភាគីសាមីវិញ។ គណៈកម្មាធិការជាទូទៅកោះប្រជុំរបស់ខ្លួននៅទីក្រុងហ្សឺណែវ ២ដងរៀងរាល់ឆ្នាំ៕
អត្ថបទ៖ អក្ខរា