នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។
ក្នុងជំនួបនេះ ឯកឧត្តម ផនភេត វិឈិតឆុលឆៃ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ។ ឯកឧត្តមប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា ក៏បានសម្ដែងនូវសេចក្តីរីករាយ ដោយបានទទួលដំណឹងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានផ្តាំផ្ញើនូវសាកសួរសុខទុក្ខជូន សម្ដេចតេជោ ហ៊ុន សែន ផងដែរ។
សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ រវាង ប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានជម្រាបអំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ជាពិសេសការតំឡើងកម្រិតនៃទំនាក់ទំនងពី “ភាពជាដៃគូរឹងមាំដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀតលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខថាមពល ការដោះមីន ការងារ អប់រំ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕