អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានសំណេររបស់ស្ត្រីម្នាក់ឈ្មោះ ម៉ូលីកា ដែលប្តឹងមកក្រសួងមហាផ្ទៃ និងស្នងការរាជធានីភ្នំពេញតាមរយៈគ្រុបតេឡេក្រាមសុវត្តិភាពចរាចរណ៍យើង ពាក់ព័ន្ធនឹងការមិនពេញចិត្តចំពោះសកម្មភាពការងាររបស់មន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់ពីរ ពោលមិនយោគយល់អនុគ្រោះចំពោះអ្នកជំងឺដែលត្រូវការការសង្គ្រោះបន្ទាន់។ មិនតែប៉ុណ្ណោះក្នុងចំណោមមន្ត្រីនគរបាលចរាចរណ៍ទាំងនោះ មានមន្ត្រីនគរបាលម្នាក់បានសុំលេខទាក់ទងញ៉ែតាមតេឡេក្រាមទៀតផង។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះ ស្នងការបានកោះហៅមន្ត្រីនគរបាលនៅគោលដៅនោះមកសួរនាំភ្លាម ប៉ុន្តែសមត្ថកិច្ចមិនទាន់ទទួលបានការបំភ្លឺពីស្ត្រីរូបនោះនៅឡើយទេ ដោយសារទាក់ទងអត់បាន ដូច្នេះសមត្ថកិច្ចស្នើឱ្យស្ត្រីរូបនោះទាក់ទងមកស្នងការដើម្បីបន្តសាកសួរ និងអនុវត្តទៅតាមនីតិវិធី៕