ពាក្យចាស់លោកពោលថា ចង់ចំណេញ ដាច់ចំណង មានន័យថា ចង់ចំណេញពេក មានមហិច្ចតាពេក លោភលន់ពេក គិតតែប្រយោជន៍ខ្លួនឯងពេក ប្រាកដជាដាច់ចំណងទាក់ទងទាំងជាមួយបុគ្គល និងជាពិសេសជាមួយសង្គម។ យ៉ាងណាមិញ ករណីលោក សុន ឆ័យ នេះ ជាឧទាហរណ៍ស្រាប់ ព្រោះតែចង់ចំណេញនយោបាយពេក និយាយមិនចេះគិត ហ៊ានមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជាម្តងហើយម្តងទៀត។ ប៉ុន្តែ ម្តងនេះ មិនត្រឹមតែគណបក្សកាន់អំណាចទេ សូម្បីគណបក្សនយោបាយជាច្រើនផ្សេងទៀត ក៏ទ្រាំលែងបាន ចេញមកថ្កោលទោសលោក សុន ឆ័យ គ្រប់ៗគ្នា។
រឿងពិត គឺលោក សុន ឆ័យ បាននិយាយបរិហារ មួលបង្កាច់ និងចោទប្រកាន់យ៉ាងទុច្ចរិតបំផុតមកលើគណបក្សប្រជាជនកម្ពុជា ក្រោយការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០២២។ គណបក្សប្រជាជនកម្ពុជា បានប្តឹងទៅតុលាការ សុំឳ្យរកយុត្តិធម៌ដល់ខ្លួន។ តុលាការគ្រប់ជាន់ថ្នាក់ បានរកឃើញថា លោក សុន ឆ័យ ពិតជាបានប្រព្រឹត្តកំហុសមែន ដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈលើគណបក្សប្រជាជនកម្ពុជា និងបានសម្រេចឳ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តនៃការខូចខាតចំនួន៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារអាមេរិកដល់គណបក្សប្រជាជនកម្ពុជា។
រឿងនេះហាក់ស្ងប់ស្ងាត់មួយរយ: ប៉ុន្តែ ស្រាប់តែថ្មីៗនេះ លោក សុន ឆ័យ បានធ្វើបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ និងសារព័ត៌មានអត់ច្បាប់ The Cambodia Daily Khmer ដោយធ្វើការមួលបង្កាច់ លាបពណ៌ និងនិយាយបំផ្លើសបំភ្លៃជុំវិញការសងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាតាមការតម្រូវរបស់តុលាការ។ លោក សុន ឆ័យ ធ្វើបែបនេះ គឺចង់បង្ហាញថា ខ្លួនឯងត្រឹមត្រូវ ចង់សម្តែងខ្លួនជាតួចិត្តល្អ ជាតួកំសត់ ដើម្បីបិទបាំងទង្វើដ៏អាក្រក់ជូរជាតិរបស់ខ្លួនដែលប្រព្រឹត្តមកលើគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដឹងពីពុតត្បុតដ៏អាក្រក់របស់លោក សុន ឆ័យ នេះ ក៏បានចេញសេចក្តីថ្លែងការណ៍បកស្រាយពីការពិតជូនសាធារណជន។
តាមរយ:សេចក្តីថ្លែងការណ៍នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការបកស្រាយរបស់លោក សុន ឆ័យ តាមរយៈបណ្តាញសារព័ត៌មានថា ជាការបកស្រាយមានចរិតលក្ខណ:ចង់ចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឳ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ បន្ថែមលើនេះ ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ក៏បានគូសបញ្ជាក់ឳ្យដឹងថា ការទាមទារសំណងជំងឺចិត្តនៃការខូចខាត ចំនួន ៤ ០០០ ០០០ ០០០ (បួនពាន់លាន) រៀល គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡីករណ៍ច្បាស់លាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជន បានបង្ហាញជូនតុលាការ ពិនិត្យ និងវាយតម្លៃពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រចំពោះសាលដីការបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ ជាមួយគ្នានេះ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជូនថា នៅពេលដែលសេចក្តីសម្រេចរបស់តុលាការ បានចូលជាស្ថាពរ ហើយទណ្ឌិតនៅតែមិនអនុវត្តកាតព្វកិច្ចសងសំណងជូនគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹងរដ្ឋប្បវេណីដោយស្ម័គ្រចិត្តទេនោះ ដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិទាមទារសំណងតាមរយៈវិធានការអនុវត្តដោយបង្ខំ ដោយរឹបអូស និងលក់ឡៃឡុងអចលនវត្ថុរបស់ទណ្ឌិត ដែលត្រូវបានតុលាការសម្រេចរក្សាការពាររួចហើយ។ ក្នុងករណីនៅតែពុំមានលទ្ធភាពសងសំណងជូនដើមបណ្តឹងរដ្ឋប្បវេណីគ្រប់ចំនួនតាមសេចក្តីសម្រេចរបស់តុលាការ នោះដើមបណ្តឹងរដ្ឋប្បវេណី មានសិទ្ធិស្នើសុំតុលាការចាត់វិធានការបង្ខំដល់រូបកាយទៅតាមច្បាប់។
មិនត្រឹមតែគណបក្សប្រជាជនកម្ពុជាទេដែលមិនសុខចិត្តនឹងការមួលបង្កាច់ និងលាបពណ៌របស់លោក សុន ឆ័យ នេះ សូម្បីគណបក្សនយោបាយជាច្រើនផ្សេងទៀត ក៏ទ្រាំលែងបានដែរ។ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សជាច្រើនរួមមាន គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សខ្មែរក្រោក គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោក សុន ឆ័យ។
ទន្ទឹមគ្នានេះ គណបក្សនយោបាយទាំងនេះ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជាឆ្លើយតបនឹងការនិយាយផ្តេសផ្តាសរបស់លោក សុន ឆ័យ តាមរយៈបណ្តាញសារព័ត៌មាន។ មិនតែប៉ុណ្ណោះទេ គណបក្សនយោបាយទាំងនេះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចរបស់តុលាការដែលតម្រូវឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារផងដែរ។ នេះ គេហៅថា ចង់ចំណេញ វាដាច់ចំណង សុន ឆ័យ ប៉ងចង់ចំណេញនយោបាយពេក បែរទៅជាចំណេះជិះកឯងទៅវិញ៕
ដោយ៖ ជម្ពូនុទ