របួសជើងរបស់តារាស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានជាសះស្បើយហើយ ហើយក៏ដល់ពេលដែលនាងត្រូវហោះទៅប្រទេស ថៃ ដើម្បីវះកាត់យកដែកចេញពីត្រគៀករបស់ខ្លួនផងដែរ ប៉ុន្តែមកទល់ពេនេះ ស៊ីន យូប៊ីន នៅតែមិនទាន់ទៅជួបពេទ្យតាមការកំណត់ ។
តាំងពីចូលឆ្នាំថ្មីមក កញ្ញា ស៊ីន យូប៊ីន ហាក់មមាញឹកខ្លាំងជាមួយការងាររបស់ខ្លួន ទាំងការងារសម្តែង ថតស្ពត និងទៅចូលរួមកម្មវិធីធំៗតាមបណ្តាប្រទេសនានា ដូច្នេះហើយទើបនាងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅវះកាត់យកដែកចេញពីជើងរបស់ខ្លួន ។
កញ្ញា ស៊ីន យូប៊ីន បានប្រាប់ថា នាងនៅតែមានគម្រោងទៅវះកាត់យកដែកចេញពីជើង ដោយមិនទុកចោលបែបនេះទេ គ្រាន់តែពេលនេះនាងរវល់ការងារបន្តិច ទើបពន្យាពេល តែក៏មិនទុកយូរដែរ នាងនឹងទៅវះកាត់យកចេញហើយ ។
ថ្វីដ្បិតតែជើងកញ្ញា ស៊ីន យូប៊ីន បានជាសះស្បើយក៏ពិតមែន ប៉ុន្តែដំណើររបស់នាងមិនល្អដូចដើមទេ នាងនៅតែដើរមួយៗផ្អៀងមួយចំហៀងខ្លួន ។ នាងសង្ឃឹមថា ជើងរបស់នាងនឹងវិលត្រឡប់មកដូចដើមវិញបន្ទាប់ពីវះកាត់រួច ។
មកទល់ពេលនេះ កញ្ញា ស៊ីន យូប៊ីន នៅតែជាប់ឈ្មោះជាតារាស្រីដែលមានឈ្មោះល្បីល្បាញទាំងក្នុង និង ក្រៅប្រទេស សម្រាប់ឆ្នាំ ២០២៤ នេះ ស៊ីន យូប៊ីន ក៏មានគម្រោងការងារធំៗជាច្រើនដែលត្រូវធ្វើ មិនចាញ់កាលពីឆ្នាំ ២០២៣ ឡើយ ៕