លោកជំទាវ ជា សិរី៖ កម្ពុជា មានសក្ដានុពលក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត M. Sanjayan នាយកប្រតិបត្តិនៃអង្គការ Conservation International អំពីនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការជួញដូរឥណទានកាបូនសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

លោកជំទាវ ទេសាភិបាល បានលើកឡើងអំពីសក្ដានុពលសម្រាប់កម្ពុជា ក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ ដោយសារបច្ចុប្បន្ន កម្ពុជាមានការបញ្ចេញឧស្ម័នកាបូនទាប និងមានគម្របព្រៃឈើខ្ពស់ ដែលអំណោយផលដល់ការបង្កើតឥណទានកាបូន។ ក្នុងនាមជាទេសាភិបាលធនាគារកណ្តាល លោកជំទាវបណ្ឌិតបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ទីផ្សារឥណទានកាបូនសម្រាប់ប្រទេសកម្ពុជាលើទីផ្សាអន្តរជាតិ។

គួរឲ្យដឹងថា ទីផ្សារកាបូនមានពីរ គឺការអនុលោមភាព (compliance market) និងការស្ម័គ្រចិត្ត (voluntary carbon market)។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្តក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនដែលមានតម្លៃ ១១,៦លានដុល្លារ​ពីទី​តាំងចំនួនបីគឺដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។

ក្រសួងបរិស្ថានធ្លាប់ឲ្យដឹងថា កម្ពុជា មានមហិច្ចតាពង្រីកផ្ទៃដីលក់ឥណទានកាបូន ឱ្យបានជាង២លានហិកតា ខណៈបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីជាង ១.៤លានហិកតា ត្រូវបានលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។ ចំណូលនៃការលក់ឥណទានកាបូន ត្រូវបានចាក់ចូលទៅសហគមន៍មូលដ្ឋាននានា នៅជុំវិញដែលជម្រកសត្វព្រៃទូទាំងប្រទេស ដើម្បីចូលរួមការពារ និងអភិរក្សធនធានជាតិ និងសត្វព្រៃ ជាពិសេសបានចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់របរចាស់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វជាដើម៕

អត្ថបទ៖ អក្ខរា