ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ព្រះសង្ឃ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារក្នុងប្រទេសថៃ សម្តែងការគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
តាមរយៈវីដេអូឃ្លីប ប្រជាពលរដ្ឋ ព្រះសង្ឃ ពលករ និងនិស្សិតខ្មែរនៅប្រទេសថៃ មានសង្ឃដីការ និងបានលើកឡើងថា ពិតជាមានក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសថៃជាលើកដំបូង ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ កម្ពុជា-កាន់តែប្រសើរឡើង ដែលកត្តាជំរុញ និងស្តារសេដ្ឋកិច្ចកាន់តែប្រសើរឡើង ជាពិសេសការគិតគូរ និងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។
ក្នុងសារនោះដែរ ក្រុមពលករខ្មែរ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើសុំរដ្ឋាភិបាលថៃជួយបញ្ចុះថ្លៃវីសាពី ១៩០០បាត មក ៥០០បាត ជូនបងប្អូនពលករខ្មែរយើង។ ប្រជាពលរដ្ឋខ្មែរទាំងនោះ ក៏បានផ្ញើពាក្យពេជន៍ជូនពរសម្តេចធិបតីនាយករដ្ឋមន្ត្រី ឲ្យទួលបានផ្លែផ្កា និងផលប្រយោជន៍ជាច្រើនបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ។
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវ ពេជ ចន្ទមុនី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហាវ៉ជីរ៉ាឡុងកន ព្រះវាជីរ៉ាក់ភ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។ សម្ដេចធិបតី នឹងអញ្ជើញនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភា និង ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។
ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងវេទិការធុរកិច្ចកម្ពុជា-ថៃផងដែរ៕
អត្ថបទ៖ អក្ខរា