សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តរក្សានយោបាយគាំពារសង្គម ពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ហើយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលដោយគ្មានការថែទាំនោះឡើយ។
សម្តេចធិបតីបានថ្លែងថា ថវិការតិច ឬច្រើនមិនសំខាន់ទេ សំខាន់តើមានទឹកចិត្តជួយឬអត់? នោះហើយជានយោបាយរាជរដ្ឋាភិបាល តិច ឬច្រើន គឺមិនឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយគ្មានការយកចិត្តទុកដាក់ ដោយសារភាពក្រីក្រនោះទេ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។
ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕
អត្ថបទ៖ អក្ខរា