មេធាវីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចប្ដឹងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន និងទាមទារឱ្យសងជំងឺចិត្តចំនួនពីរពាន់លានរៀល ប្រមាណជិត ៤៩ម៉ឺនដុល្លារ។
ការសម្រេចប្ដឹងនេះក្រោយពេល លោក ស៊ឹង សែនករុណា បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថា សម្ដីរបស់លោក ស៊ឹង សែនករុណា បានប្រមាថដល់គណបក្សប្រជាជនកម្ពុជា។
ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ក្នុងចំណងជើងព័ត៌មានថា លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច លោក ស៊ឹង សែនករុណា បានលើកឡើងថា “វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ និងគណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែង ដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ”។
នៅក្នុងពាក្យបណ្ដឹង មេធាវីគណបក្សកាន់អំណាចបានសរសេរអះអាងថា ការណ៍ដែលលោក ស៊ឹង សែនករុណា ថ្លែងថា គណបក្សប្រជាជនកម្ពុជាបានប្រើប្រព័ន្ធតុលាការមកដោះស្រាយ…និង….តែងតែយកតុលាការមកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ព្រមទាំងប្រើប្រាស់វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន គឺស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិត ជាពាក្យពេចន៍អះអាងបំផ្លើស ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្ស។
មេធាវីគណបក្សប្រជាជនកម្ពុជា ចាត់ទុក ការលើកឡើងរបស់លោក ស៊ឹង សែនករុណ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្ស និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តនាពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ អក្ខរា