មេខេត្ត មេស្រុក និងអ្នកពាក់ព័ន្ធមួយចំនួន តើមានរង្កៀសចិត្តខ្លះទេ នៅពេលឃើញស្លាកពាណិជ្ជកម្មភេសជ្ជៈស្រវឹងតូចធំរីករហង់ពាសពេញដងផ្លូវ ហើយខេត្តខ្លះក៏មាននៅក្បែរសាលារៀន និងវត្តអារាមផង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន? នេះជាលើកឡើងរបស់ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន លើហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៤ ។
ឯកឧត្តម បានបន្តថា ៖ “តើចំណូលដែលបានមកពីការផ្សាយស្លាកពាណិជ្ជគ្រឿងស្រវឹងនេះ យកទៅអភិវឌ្ឍខេត្តលើអ្វីខ្លះ? អ្នកផលិត អ្នកលក់ និងអ្នកទទួលការផ្សាយ ឱ្យតែមានឱកាស គេផ្សាយហើយ”។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានហាមប្រព័ន្ធផ្សព្វផ្សាយ និង ក្រុមហ៊ុនផលិត គ្រឿង ស្រវឹង ទាំងអស់ ផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងផ្ដល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ និងអូសទាញពលរដ្ឋ ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍ និងអសន្តិសុខសង្គម។
ក្រសួងសម្រេចហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋ ឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោក ដែលមានចរិតលើកទឹកចិត្តហួសហេតុ៕
អត្ថបទ៖ អក្ខរា