នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ មានការប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងនោះ កម្ពុជាបានទទួលពានរង្វាន់ទេសចរណ៍អាស៊ានចំនួន០៤ប្រភេទ សរុបចំនួន២៥ពាន ដែលរួមមាន៖ សណ្ឋាគារបៃតងអាស៊ាន ចំនួន០៥ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០៣ (ទីក្រុងកំពត ទីក្រុងកែប និងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ) ស្តង់ដាអាស៊ានម៉ាយ (MICE) ប្រភេទបន្ទប់ប្រជុំចំនួន ០៥ ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងពិព័រណ៍ចំនួន០៥ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងរៀបចំ ព្រឹត្តិការណ៍ចំនួន០៥ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន០២ ផងដែរ។ នេះបើតាមការឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលក្រសួងទេសចរណ៍ ផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន” (Quality and Responsible Tourism – Sustaining ASEAN Future) ដោយមានការចូលរួមពីសំណាក់ថ្នាក់ ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) ឥណ្ឌា រួមទាំង ប្រទេស និងអង្គការដៃគូមួយចំនួនទៀត៕
អត្ថបទ៖ អក្ខរា