សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួន ដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ។
ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
គួរជម្រាបថា នៅអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) ដើម្បីតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនាពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា។ គណៈកម្មាធិការនេះក៏មានភារកិច្ចការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាននិងលើកកម្ពស់កិត្យានុភាពកម្ពុជាទាំងក្នុងស្រុកនិងលើឆាកអន្តរជាតិផងដែរ។
គណៈកម្មាធិការគ.ស.ព.សមានសមាសភាពចំនួន១១រូបដោយមានឯកឧត្តមស្វាយ ស៊ីថាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាប្រធាននិងមានអនុប្រធាន៤រូបព្រមទាំងសមាជិក៦រូប។នេះបើតាមសេចក្តីសម្រេចបង្កើតគ.ស.ព.ស នៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា