សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្ដេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥ រួមមាន៖ ១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។ ៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។ ៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ ៥-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕
អត្ថបទ៖ អក្ខរា