ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់វិស័យឯកជន ពិសេសធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយត្រូវសហការឲ្យបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសក្រុមការងារ Hotline Scam 24h/7 ដើម្បីជួយអន្ដរាគមន៍បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមើលឃើញថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើរាល់ថ្ងៃ ពិសេសកើតឡើងនៅតាមមូលដ្ឋាន ហើយនៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋមានការលំបាកក្នុងការមកដាក់ពាក្យបណ្ដឹង។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង និងងាយស្រួលឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ៕