អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឲ្យដឹង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤។ អ.ប.ព. បើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង១២ យប់។ ដូច្នេះ បុគ្គលដែលមានមុខតំណែងត្រូវប្រកាសដូចចែងក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២(ពីរ)ឆ្នាំម្តង ដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញមកប្រកាសឱ្យបានរួសរាន់ តាមច្បាប់កំណត់។
អ.ប.ព. រំលឹកថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង។
គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៨ ១០៧ច្បាប់ នៃចំនួនប្រកាសសរុប ១៨ ១៣២រូប។ ដូច្នេះ នៅសល់បុគ្គលចំនួន ១៧២នាក់ទៀត មិនទាន់បានប្រកាសទ្រព្យសម្បត្តិ និងបំណុល។
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបបរៀងរាល់ ២ឆ្នាំម្ដង សំដៅលើបុគ្គលដែលមានមុខតំណែងត្រូវប្រកាសដូចមានចែងក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២(ពីរ)ឆ្នាំម្តង។ បុគ្គលដែលមានមុខតំណែងទាំងនេះ នឹងធ្វើការប្រកាសបន្តបន្ទាប់នៅរៀងរាល់ខែមករា នៃឆ្នាំទី៣ គិតចាប់ពីថ្ងៃប្រកាសលើកទី១។ ឧទាហរណ៍ បុគ្គលម្នាក់ប្រកាសលើកទី១ នៅថ្ងៃណាមួយក្នុងឆ្នាំ២០២៣ (ទោះជាចុង ឬដើមឆ្នាំក៏ដោយ) រូបគាត់នឹងប្រកាស លើកទី២ នៅខែមករា ឆ្នាំ២០២៥ លើកទី៣ នៅខែមករា ឆ្នាំ២០២៧ (គិតថ្ងៃយកឯកសារមកដល់ អ.ប.ព)។ល។ បុគ្គលដែលចប់អាណត្តិ ដោយគោរពតាមបែបបទបោះឆ្នោតហើយជាប់ឆ្នោតអាណត្តិថ្មី មិនតម្រូវឱ្យប្រកាស ពេលចប់អាណត្តិ និងពេលចូលកាន់តំណែងថ្មីនេះទេ ពោលគឺគាត់បន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់២ ឆ្នាំម្តងជាធម្មតា៕
អត្ថបទ៖ អក្ខរា