ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ដើម្បីជំរុញការសិក្សា ការស្ថាបនាបុកស៊ីផាយ និងស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់។
ជាយុទ្ធសាស្ត្រស្ដារប្រឡាយដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្លាស់ប្ដូរទីលំនៅប្រជាពលរដ្ឋដែលរស់នៅលេីប្រឡាយប្រមាណជា ២០០គ្រួសារទៅរស់នៅកន្លែងថ្មីសមរម្យមានកម្មសិទ្ធិស្របច្បាប់ហេីយបានទាំងប្រឡាយទឹកដែលជាអភិបាលកិច្ចល្អជូនប្រជាពលរដ្ឋ ហើយពួកគាត់មានក្តីសប្បាយរីករាយនិងសហការយ៉ាងល្អជាមួយអាជ្ញាធរ។
អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានឲ្យដឹងថា ប្រឡាយព្រែកប្រា ត្រូវបានប្រជាពលរដ្ឋរំលោភ និងរស់នៅលើប្រឡាយនេះដែលបានបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។ ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន ២២៩គ្រួសារ ហើយមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញមានចំនួនជាង ២០០គ្រួសារហើយ ពោលគឺ នៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ លោកបញ្ជាក់ថា អាជ្ញាធរនិងជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋទាំង ២៤គ្រួសារនេះឲ្យបានលឿន ដើម្បីឲ្យដំណើរការនៃការស្ដារប្រឡាយទៅតាមការគ្រោងទុក។
សូមបញ្ជាក់ថា ប្រឡាយព្រែកប្រា មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។ ប្រឡាយព្រែកប្រា នេះមានទទឹងពី ៣០ម៉ែត្រទៅ ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង ១គីឡូម៉ែត្រ៕
អត្ថបទ៖ អក្ខរា