សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ សន្យាទប់ស្កាត់ការទន្រ្ទានដីតំបន់៣ ឲ្យខានតែបាន។ ទន្ទឹមនឹងនេះ សម្តេចបានប្រកាសដល់អ្នកដែលមានបំណងចង់ទន្រា្ទនកាន់កាប់ដីតំបន់៣ នៃបឹងទន្លេសាបសូមដកខ្លួនចេញ មុននឹងអាជ្ញាធរអនុវត្តច្បាប់។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតីបានគូសបញ្ជាក់ថា រាជដ្ឋាភិបាលប្តេជ្ញាធ្វើឲ្យបាន និងការពារឲ្យបាន។ សម្តេចក៏បានណែនាំដល់រដ្ឋមមន្ត្រីក្រសួងរៀបចំដែនដី ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តទាំង៦ រួមគ្នាជាធ្លុងមួយ ដើម្បីការពារបឹងទន្លេសាប ដែលជាផលប្រយោជន៍របស់ជាតិ។
សូមបញ្ជាក់ថាតំបន់ទន្លេសាបគឺមាននៅខេត្តកំពង់ឆ្នាំងពោធិ៍សាត់កំពង់ធំ សៀមរាបបាត់ដំបង និងបន្ទាយមានជ័យ។ផ្ទៃដី និងព្រៃលិចទឹកជុំវិញតំបន់ទន្លេសាបនេះត្រូវបានចែកចេញជា៣តំបន់ក្នុងនោះតំបន់ទី១ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យកាន់កាប់ជាកម្មសិទ្ធស្របច្បាប់,តំបន់ទី២ គឺពលរដ្ឋអាចអាស្រ័យផលបានតែគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិនោះឡើយ។ ដោយឡែកតំបន់៣ គឺជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឱ្យមានការរំលោភបំពាន។
តែយ៉ាងណា យោងតាមសៀវភៅរាជកិច្ចលេខ៤៧ ទំព័រលេខ៥៨៣៩ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំជាង១ ៣០០ហិកតាចេញពីតំបន់៣ នៃបឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់បង ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋនិងផ្តល់ជូនជាកម្មសិទ្ធិជូនប្រជាពលរដ្ឋជិត ៣ ០០០គ្រួសារ។ការកែសម្រួលព្រំប្រទល់តំបន់ទន្លេសាបនេះ គឺផ្អែកលើការអភិរក្សនិងការរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋជាប្រវត្តិសាស្ត្រ៕
អត្ថបទ៖ អក្ខរា