ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យអំពូលភ្លើង ឧបករណ៍ កែច្នៃខុសលក្ខណៈបច្ចេកទេស បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដទៃ។
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តមានការបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសបែបនេះ សូមធ្វើការដកចេញជាបន្ទាន់ បើមិនដូច្នោះនោះទេ សមត្ថកិច្ចនឹងចាត់វិធានការដ៏តឹងរឹងដល់ម្ចាស់រថយន្តកែច្នៃនិងជាពិសេសរាល់ម្ចាស់យានយន្តទាំងអស់ក៏ត្រូវនាំគ្នាពិនិត្យយានយន្តផ្ទាល់ខ្លួនដែលបំពាក់ឧបករណ៌ខុសបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃនិងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវដោះចេញឲ្យបានមុនពេលដែលកម្លាំងសមត្ថកិច្ចអនុវត្តចាត់វិធានការចំពោះការកែច្នៃបំពាក់ខុសបច្ចេកទេសនេះ៕
អត្ថបទ៖ អក្ខរា