ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤។
របាយការណ៍បានលើកឡើងថា ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហានិភ័យនៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ មួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០២៣។
យ៉ាងណាមិញ នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងន ស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ ដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថានឹងសម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់។
ដោយឡែក វិស័យកសិកម្មត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។ វិស័យសំណង់និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតកម្ពុជាលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ៕
អត្ថបទ៖ អក្ខរា