មិនទាន់ទាំងឡើងឆាកប្រកួតប្រជែងជាផ្លូវការផង ស្រាប់តែអ្នកគ្រប់គ្រងការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃ កម្ពុជា ប្រចាំខេត្ត កំពង់ឆ្នាំង ឆ្នាំ ២០២៤ ប្រកាសថា កញ្ញា ម៉ិច ខេមម៉ា បានសុំដកខ្លួនចេញពីការប្រកួតទៅវិញ ។ ជុំវិញនៃការសុំដកខ្លួនចេញពីការប្រកួតនេះ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង រហូតអ្នកខ្លះនិយាយថា ម៉ិច ខេមម៉ាដកខ្លួនចេញពីការប្រកួតដោយខ្លួនឯង ឬដោយសារមានបញ្ហាអ្វី ?
កញ្ញា ម៉ិច ខេមម៉ា ជាបេក្ខភាពលេចធ្លោមួយរូបនៅក្នុងការប្រកួត កញ្ញាឯកដ៏អស្ចារ្យនៃ កម្ពុជា ប្រចាំខេត្ត កំពង់ឆ្នាំង ឆ្នាំ ២០២៤ ឬ Miss Grand Kompong Chnang ២០២៤ ថ្វីដ្បិតតែការប្រកួតនៅពុំទាន់ប្រព្រឹត្តិទៅជាផ្លូវការ ប៉ុន្តែ រូបសម្រស់ និង ទេពកោសល្យរបស់នាង ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយនាងក៏ជាបេក្ខភាពមួយរូបដែលមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈផងដែរ ។ អ្វីដែលគួរឱ្យស្តាយនោះស្រាប់តែនៅថ្ងៃទី ២៨ខែ មករា ឆ្នាំ ២០២៤ នេះ ស្រាប់តែអ្នកគ្រប់គ្រងប្រចាំខេត្ត ប្រកាសថា នាងសុំដកខ្លួនទៅវិញ ។
ទន្ទឹមនិងការប្រកាសអំពីការការដកខ្លួនរបស់បេក្ខភាព ម៉ិច ខេមម៉ា បានធ្វើឱ្យសាម៉ីខ្លួនចេញមុខប្រកាសថា « ក្នុងនាម នាងខ្ញុំជាបេក្ខភាព Miss grand kompong chnang Mich Khemma 13បានសុំធ្វើការដកពាក្យក្នុងការប្រកួតចាប់ពីថ្ងៃនេះតទៅដោយមូលហេតុ: មានធុរៈដ៏ចាំបាច់ និងបញ្ហាផ្ទាល់ខ្លួនដែលត្រូវធ្វើការដោះស្រាយបន្ទាន់ អាស្រ័យហេតុនេះសង្ឃឹមអ្នកទាំងអស់គ្នាមេត្តាយោគយល់ និងសុំធ្វើការអភ័យទោសចំពោះ ស្ថាប័ន Miss grand ទាំងមូល និង PD ព្រមទាំង fan Mich Khemma ទាំងអស់ » ៕